ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង រិះគន់អង្គភាពរដ្ឋាករទឹកថា ប្រើប្រាស់មិនគ្រប់គ្រាន់ ហើយចេញចច្រិចច្រូច

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរិះគន់ចំៗថា ចាប់តាំងពីមានការផ្លាស់ប្តូរប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងមក ទឹកប្រើប្រាស់មិនគ្រប់ ហើយចេញចច្រិចចច្រូចទៀត។

លោកបានបញ្ជាក់បន្តថា កន្លងទៅ លោកបានហៅប្រធានអង្គភាពរដ្ឋាទឹកថ្មីនេះមកសួរនាំដែរ តែទឹកចេញមកនៅតែខ្សោយដដែល។​

ការរិះគន់របស់លោក ម៉ែន វិបុល បានលើកឡើងនៅក្នុងពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់រោទ៍ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

ជុំវិញករណីនេះ ប្រជាពលរដ្ឋមួយចំនួន រស់នៅខេត្តស្វាយរៀង ក៏ធ្លាប់បានបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook ដោយបាននាំគ្នារិះគន់ខ្លាំងៗ ទៅអង្គភាពរដ្ឋាទឹកខេត្តនេះ ដែលធ្វើឲ្យមានបញ្ហា ប្រព័ន្ធទឹកបាញ់ចេញខ្សោយ ដាច់ទឹកញឹកញាប់ និងទឹកមានពណ៌ក្រហមជា ដើម។ ប្រជាពលរដ្ឋបានលើកថា សូម្បីផ្ទះលោកអភិបាលខេត្តក៏ជួបបញ្ហានេះដែរ ចុះទម្រាំពលរដ្ឋធម្មតាពិបាកយ៉ាងណា ឲ្យតែដល់ខែវិក្កយបត្រទឹកមកដល់ផ្ទះភ្លាមមិនដែលខាននោះទេ បើខានបង់លុយតែពីរ ឬបីថ្ងៃនឹងត្រូវផ្តាច់ទឹកជាក់ជាមិនខានឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង បានសំណូមពរទៅលោកអភិបាលខេត្តស្វាយរៀង មេត្តាជួយកែទម្រង់ឲ្យបានសុីជម្រៅ ទៅលើលោកប្រធានអង្គភាពរដ្ឋាទឹកខេត្តនេះ ដោយ សារតែ ពលរដ្ឋមានបញ្ហាទឹកស្អាត ដូចជាច្រើនលើកច្រើនសារពេកហើយ៕

Close