ពីនេះពីនោះ

៤ឆ្នាំមុន វៀតណាម​សរសើរ​ខ្មែរថា​​ចេះ​ផលិត​រថយន្ត តែ​ឥឡូវ​នៅតែ​ខ្យល់ ឯ​វៀតណាម​ឡើង​ទីផ្សារ​​បាត់

កាល​ពីឆ្នាំ ២០១៤ សារព័ត៌មាន​វៀតណាម​ Thanhniennews បាន​ចុះផ្សាយ​ពី​ទេពកោសល្យ​ដែល​ខ្មែរ​អាច​ចេះ​ផលិត​រថយន្ត​ដ៏​ទំនើប ហើយ​ក៏​ឆ្លៀត​ឌឺដង​បង្អាប់​​ឧស្សាហកម្ម​របស់ខ្លួន​មិន​ដើរ​ទៅ​មុខ​សោះ។

សារព័ត៌មាន​នេះ បាន​ស្រង់​សម្តី​មន្រ្តី​ជាន់​ខ្ពស់​វៀតណាម​នៅ​ពេលនោះ​ ដែល​ធ្វើ​ការ​​នៅ​ផ្នែក​ឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​​វៀតណាម​ និយាយ​ថា៖ «បើ​ទោះ​បី​វៀតណាម​មាន​ធនធាន​មនុស្ស​ជំនាញៗ​​ជា​​ច្រើន​ និង​មាន​ឧស្សាហកម្ម​រថយន្ត​ដើរ​មុន​ប្រទេស​កម្ពុជា ប៉ុន្តែ​វៀតណាម​អាច​និយាយ​បាន​ថា នៅ​ដើរ​ពីក្រោយ​ប្រទេស​កម្ពុជា សម្រាប់​សមត្ថភាព​ក្នុង​ការ​ផលិត​រថយន្ត​ដ៏​ទំនើប»។

យ៉ាងណាមិញ ​នៅ​ឆ្នាំ ២០១៨​នេះ វៀតណាម​ចាប់ផ្តើម​អភិវឌ្ឍ​ឧស្សាហកម្ម​យានយន្ត​របស់​ខ្លួន​ រហូត​ផលិត​ចេញ​រថយន្តក្នុង​ស្រុក​លើក​ដំបូង ហើយ​គ្រោង​យក​ទៅ​បង្ហាញ​នៅលើ​ទីផ្សារ​អន្តរជាតិ​ទៀតផង។

វៀតណាម​បាន​ធ្វើ​ឲ្យ​កក្រើក​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត​ ដោយ​បាន​បញ្ចេញ​​រថយន្ត​កំពូល​ពីរ​គ្រឿង​​ដំបូង​គេ ដែល​រថយន្ត​មួយ​​ជា​​ប្រភេទ Sedan និង​មួយ​ទៀត​ជា​ប្រភេទ SUV គ្រោង​នឹង​បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Paris Motor Show ប្រទេស​បារាំង។

រថយន្ត​ដំបូង​គេ​របស់​វៀតណាម​ស្ថិត​នៅ​ក្រោម​ការ​ផលិត​ក្រុមហ៊ុន​ VinFast។ រថយន្តនេះ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ប្រទេស​វៀតណាម​នៅ​ចុង​ឆ្នាំនេះ និង​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​កញ្ញា​ ឆ្នាំ ២០១៩។

ត្បិត​ថា​ជា​ម៉ាក​រថយន្ត​របស់​វៀតណាម​មែន​ ប៉ុន្តែ​​​រូបរាង​វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​​អ៊ីតាលី​ល្បីៗ​ដូច​ជា​ Pininfarina និង Italdesign Giugiaro ជា​ដើម។ ​បន្ថែម​ពី​នេះ​ ក្រុមហ៊ុន​ VinFast ក៏​បាន​ជួល​បុគ្គលិក​មក​ពី​សហគ្រាស​យាន​យន្ត​ធំ​ផង​ដែរ។

VinFast គឺ​ជា​ក្រុមហ៊ុន​ស្ថិត​នៅ​ក្រោម​សម្ព័ន្ធ​ Vingroup ជា​សម្ព័ន្ធ​ឯកជន​ដ៏​ធំ​មួយ​របស់​វៀតណាម។ គោល​បំណង​នៃ​ក្រុមហ៊ុន​នេះ​គឺ​​បង្កើត​នូវ​ម៉ាក​យានយន្ត​​ដែល​ជា​របស់​​វៀតណាម និង​ជា​យានយន្ត​ដែល​អាច​នាំ​ចេញ​លក់​លើ​ទីផ្សារ​អន្តរជាតិ​បាន។

ក្រឡេក​មើល​រថយន្ត​អង្គរ​របស់​ខ្មែរ​ទោះ​បី​ចំណាយ​ពេល​រាប់​ឆ្នាំ​អភិវឌ្ឍ​ និង​មានការ​​​បុកគ្រឹះ​សាងសង់​​រោងចក្រ​ផលិត​ តែរហូត​មក​ដល់ពេលនេះ ​គម្រោង​នេះ​មិន​ដំណើរការ​ទៅមុខ អាច​និយាយ​ថា​នៅ​តែ​ខ្យល់តែ​ប៉ុណ្ណោះ។

លោក ញាន ផល្លឹក បាន​ខិត​ខំ​ប្រឹង​ប្រែង បង្កើត​ចេញ​ជា​រូបរាង​រថយន្ត​​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប ដើរ​ដោយ​ថាមពល​អគ្គិសនី មិន​ចាញ់​រថយន្ត​ក្រុមហ៊ុន​ល្បីៗ​លើ​ពិភពលោក ខណៈ​ដែល​អំឡុង​​ឆ្នាំ កម្ពុជា​មិន​ទាន់​ទាំង​មាន​រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ឡើយ។ ការ​ចេញ​ម៉ូត​រថយន្តអង្គរ​ជា​ច្រើន​ជំនាន់​ បាន​ធ្វើ​ឲ្យ​កម្ពុជា​លេច​ត្រដែត​ឡើង​ល្បី​រន្ទឺ​ពេញ​ឆាក​អន្តរជាតិ ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត សូម្បី​តែ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ ក៏​​ភ្ញាក់​ផ្អើល​មិន​តិច​ដែរ ដែល​ដឹង​ថា​កូន​ខ្មែរ​អាច​មាន​សមត្ថភាព​ផលិត​រថយន្ត​ដ៏​ទំនើប​បាន​ដោយ​ខ្លួន​ឯង៕

Close