ពីនេះពីនោះ

សង្គ្រាម​មនសិការ​ប្រឆាំង​ចិន​ចាប់ផ្ដើម​ផ្ទុះ បន្ទាប់ពី​ឃ្លី​ប​វីដេអូ របស់​ខ្ញុង​

​តាមពិតទៅ​ភាព​យូ​កូ​ម​បាត​ផ្សារ មធ្យោបាយ​រកស៊ី​តាមបែប​ឧក្រិដ្ឋ និង​ជះ​លុយ​ហួងហែង​សេចក្ដីសុខ​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ បានក្លាយ​ទៅជា​ចំណុច​រិះគន់​របស់​ពល​រដ្ឋ​ខ្មែរ​យូរហើយ ។ ប៉ុន្តែ​ដោយ​គុណ​ស​ម្ប​តិ្ត​របស់​មហាមិត្ត​ចិន​ដ៍​ពន់ប្រមាណ​មកលើ​រដ្ឋា​ភិ​បាល​ដែល​ពុំ​សូវ​មាន​សមត្ថកិច្ច កា​រិះគន់​ទាំងនោះ​របស់​ពលរដ្ឋ​ខ្មែរ​បាន​ទុក​ត្រឹមតែ​នៅក្នុង​ពោះ ក្នុង​ចិត្ត ក្នុង​បេះដូង ។ មិន​ហ៊ាន​ខ្ជាក់​ចេញមកក្រៅ ព្រោះ​ខ្លាច​ខ្នោះ ខ្លាច​គុក និង​ខ្លាច​គេ​បាញ់​ស្លាប់​តាម​ចិញ្ចើមផ្លូវ ។​

​បញ្ហា​ទាំង​អម្បាល​មាណ​នេះ​រដ្ឋាភិបាល ពិសេស​ក្រសួងមហាផ្ទៃ បានដឹង​ច្បាស់​ណាស់ ។ រហូតដល់​ថ្នាក់​បញ្ជូន​មន្ត្រី​គ្រាក់ៗ​ថ្នាក់​ផ្កាយ​ជាច្រើនរូប ទៅ​ទប់ទល់​ស្ថានភាព​អសន្តិសុខ ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន នៅ​ក្រុងព្រះសីហនុ​នេះ​ទៀតផង ។ តែបើ​ទោះបីជា​បញ្ហា​ទាំងនេះ ត្រូវបាន​រដ្ឋាភិបាល​បិទបាំង​យ៉ាង​មុតមាំ​ក្ដី , ក៍​ពេលនេះ​រំញោច​អារម្មណ៍​ដែល​ចេញពី​បេះដូង​របស់​អ្នកនាង ស្រេង សុ​កាន់​ដា ដែល​គេ​ស្គាល់​ថា នាង ខ្ញុង បានធ្វើ​ឲ្យ​សង្គ្រាម​មនសិការ ប្រឆាំង​ជនជាតិ​ចិន​ផ្ទុះឡើង ។​

​នៅលើ​ឃ្លី​ប​វីដេអូ​ប្រហែល​៥​នាទី របស់​តារា​កំប្លែង​រូបនេះ​ដែល​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ ទី​២៥ វិច្ឆិកា ឆ្នាំ ២០១៨ បាន​រៀបរាប់​ពី​ចំនួន​កើនឡើង នៃ​ជន​ជាតិចិន​ស្ទើរ​លើស​ម្ចាស់​ទឹកដី ហើយ​ដែល​ជនជាតិ​នេះ​បាន​ប្រើប្រាស់​លុយ​ជះ​ទិញ​ផ្ទះ ទិញ​ដី សណ្ឋាគារ ។ ធ្វើ​ឲ្យ​សណ្ឋាគារ និង​ផ្ទះសំណាក់​ឡើងថ្លៃ ដែល នឹង​បណ្ដាល​ឲ្យ​នាង​រៀងចាល​មិន​ហ៊ាន​មកកាន់​ខេត្ត​ទេសចរណ៍​របស់​ខ្មែរ​មួយ​នេះ នាពេល​ក្រោយៗ​ទៀត ។​

​ដោយសារតែ​ការ​ហ៊ាន​លាតត្រដាង​ការពិត នៅក្នុង​សង្គម​មួយ​ដែល​មនុស្សរ​ស់លាក់​ការពិត បៀម​ទុក​ការពិត , ឃ្លី​ប​វីដេអូ​របស់​នាង​បាន​ទាក់ទាញ​ឲ្យ​មានការ​គាំទ្រ​យ៉ាង​គគ្រឹកគគ្រេង​ពី​អ្នកលេង​បណ្ដាញ​សង្គម ។ ដែល​វា​ជា​ផ្នែក​មួយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​ថា ខ្មែរ​នៅ​ស្គាល់​ខុស​ស្គាល់​ត្រូវ ស្គាល់​ល្អ​ស្គាល់​អាក្រក់ ។ ខុស​ផ្ទុយ​ពី​មេដឹកនាំ​ខ្មែរ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បែរ​ទៅ​ក្រសោប​នយោបាយ​ចិន ខណៈដែល​ដែល​ប្រទេសមួយ​ចំនួន​ដូចជា ភូមា វេ​ណេ​ហ្សូ​អេ​ឡា ថ្មីៗ​នេះ …​បាន​ទាត់ចោល នយោបាយ និង​ការគ្រប់គ្រង​ដ៍​កេង​ប្រ​វ័​ញ្ញ និង​ពុតត្បុត​របស់​ចិន ។ ហើយ​ដែល​ពួក​មេដឹកនាំ​បក្ស​ប្រជាជន​ក៍មាន​ប្រវត្តិ​ស្រែកប្រាប់​ពលរដ្ឋ​ខ្មែរ​ដែលថា ចិន​ជា​ប្រទេស​អនុត្តរភាព ពាក់ព័ន្ធ នឹង​ការកាប់សម្លាប់​ខ្មែរ​ជិត​៣​លាន​នាក់ តែ​ពេលនេះ បែរជា​ចាត់ទុក​ចិន​ជា​ខួរឆ្អឹងខ្នង មិនអាច​កាត់ថ្លៃ​បាន​វិញ​នោះ ៕ ដោយ​៖ កែវ វិទូ​រ្យ

Tags
Close