កម្សាន្ត

ច​ច គ្លូ​នី ជាប់​ជាតា​រា​សម្តែង​បុរស​រកចំណូលបាន​ខ្ពស់​ជាងគេ​លើ​ពិភពលោក ក្រោយ​រកបាន ២៣៩ លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម ១២ ខែ​

​លោក ច​ច គ្លូ​នី គឺជា​តារា​សម្តែង​ស៊ីថ្លៃ​បំផុត​របស់​ហូលីវូដ​ប្រចាំឆ្នាំ ២០១៨ បន្ទាប់ពី​រកប្រាក់​បាន ២៣៩ លាន​ដុល្លារ​ក្នុង​រយៈពេល ១២ ខែ​មកនេះ​។​

​តារា​សម្តែង​ក្នុង​រឿង Oceans 11 រូបនេះ​បាន​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ ១ ក្នុង​បញ្ជី​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Forbes ពី​លោក ម៉ាក វ៉ាល់​បឺ​ក បន្ទាប់ពី​មិនបាន​ជាប់​សូម្បី​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ កាលពី​ឆ្នាំមុន​។​

​ភាគច្រើន​នៃ​ប្រាក់ចំណូល​កប់​ពពករ​បស់​គាត់​មិនមែន​បានមកពី​ប្រាក់ខែ​ទេ ប៉ុន្តែ​បានមកពី​ការលក់​ស្រា​របស់​ក្រុមហ៊ុន Casamigos Tequila ដែល​គាត់​បាន​សហការ​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០១៣ ដោយ​ជួយ​ឱ្យ​គាត់​រកប្រាក់​ចំណេញ​បាន ២៣៣ លាន​ដុល្លារ​។​

​តារា​សម្តែង​អាយុ ៥៧ ឆ្នាំ​រូបនេះ​មិនបាន​បង្ហាញខ្លួន​នៅក្នុង​ខ្សែភាពយន្ត​ណាមួយ​នោះទេ​នៅ​ចន្លោះ​ថ្ងៃទី ១ ខែមិថុនា​ឆ្នាំ ២០១៧ ដល់​ខែមិថុនា​ឆ្នាំនេះ ប៉ុន្តែ​បានទទួល​កម្រៃ​ពី​ការថត​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន Nespresso​។​

​តារា​សម្តែង​ផ្សេងទៀត​នៅក្នុង​បញ្ជី​ក៏បាន​រកប្រាក់​ចំណូល​ពី​ប្រភព​ខាងក្រៅ ឬ កើប​លុយ​ពី​ការសម្តែង​ក្នុង​រឿង​ដែល​ចំណាយ​ថវិកា​ធំៗ​ផងដែរ​។​

​តារា​សម្តែង​ប្រុស​ទាំង ១០ ដែល​រក​ចំណូល​ខ្ពស់បំផុត​នៅលើ​ពិភពលោក​៖
១. ច​ច គ្លូ​នី ២៣៩ លាន​ដុល្លារ​
២. ដ្វេ​ន ច​ន​សុន ១២៤ លាន​ដុល្លារ​
៣. រ៉ូបឺត ដោ​នី ជេ​អា ៨១ លាន​ដុល្លារ​
៤. គ្រី​ស ហេម​ស្វត ៦៤,៥ លាន​ដុល្លារ​
៥. ជែក​គី ចាន់ ៤៥,៥ លាន​ដុល្លារ​
៦. វី​ល ស្មី​ត ៤២ លាន​ដុល្លារ​
៧. អាក់​សាយ កុមារ ៤០,៥ លាន​ដុល្លារ​
៨. អា​ដាំ សាន់​ឌ្ល័​រ ៣៩,៥ លាន​ដុល្លារ​
៩. សាល់​ម៉ាន់ ខាន់ ៣៧,៧ លាន​ដុល្លារ​
១០. គ្រី​ស អ៊ី​វ៉ាន់ ៣៤ លាន​ដុល្លារ​៕

Close