ព័ត៌មានជាតិ

ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ភ្ជាប់​មក​ជាមួយ​នូវ​​​​ជំនួយ​ឥត​សំណង​២៧០​លាន​ដុល្លារ

September 12, 2021
មិន​មែន​មក​ដោយ​ដៃ​ទទេទេ! រដ្ឋ​មន្ដ្រី​ការបរទេស​ចិន លោក វ៉ាង យី មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ មាន​ភ្ជាប់​មក​ជាមួយ​នូវ​​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ចំនួន​២៧០​លាន​ដុល្លារ​ដល់​កម្ពុជា​។ នេះបើ​តាម​ការ​គូស​បញ្ជាក់​ពី​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ប្រាក់ សុខុន ក្រៅ​ពី​ជំនួយ​នេះ ចិន​ក៏​បាន​​សន្យា​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​កម្ពុជា​ចំនួន​៣​លាន​ដូស​បន្ថែម​ទៀត​ផង​ដែរ​​។
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​​នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ លោក ប្រាក់ សុខុន រដ្ឋ​មន្ដ្រី​ការបរទេស​កម្ពុជា បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី នៅ​កម្ពុជា​នេះ ថា​ជា​ការ​ពង្រឹង​មិត្តភាព​ដែក​ថែប រវាង​ចិន​និង​កម្ពុជា ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រមុខ​ការទូត​កម្ពុជា បាន​លើក​ឡើង​អំពី​ផល​ប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​គម្រោង «ខ្សែ​ក្រវាត់​និង​ផ្លូវ» ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ប្រទេស​ចិន​។
លោក ប្រាក់ សុខុន បាន​សង្កត់​ធ្ងន់​ថា សមិទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​ពី​គម្រោង «ខ្សែ​ក្រវាត់​និង​ផ្លូវ​» របស់​ចិន​នេះ នឹង​មិនធ្វើ​ឱ្យ​កម្ពុជាធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​បំណុល​របស់​ចិន​ឡើយ​។ សម្រាប់​លោក ប្រាក់ សុខុន ហានិភ័យ​នៃ​បំណុលជាតិ​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​បំណុល​លើស​ពី​៤០​ភាគរយ​នៃ GDP ប៉ុន្តែ​សព្វ​ថ្ងៃ បំណុល​បរទេស​របស់​កម្ពុជា មាន​មិន​ដល់​៣០​ភាគរយ​ផង​។
សូម​ជម្រាប​ថា គិត​ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​ជំពាក់​បំណុល​បរទេស​និង​ស្ថាប័ន​ដទៃ​ទៀត​ចំនួនសរុប​ជិត​៩​ពាន់​លាន​ដុល្លារ​។ ក្នុង​នោះ កម្ពុជា​ជំពាក់​ចិន​ច្រើន​ជាង​គេ គឺ​ប្រមាណ​៤៥​ភាគរយ​នៃ​បំណុល​សរុប ឬ​ស្មើ​នឹង​ជិត​៤​ពាន់​លាន​ដុល្លារ​។ ចំណែក​បំណុល​ផ្សេង​ទៀត កម្ពុជា​ជំពាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្ដរជាតិ ដូចជា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍ​អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ជា​ដើម​។
ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​​ផ្ដល់​កម្ចី​ច្រើន​ដល់​កម្ពុជា ចិន​ក៏​បន្ត​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ដាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​នៅ​កម្ពុជា​ដែរ​។ គិត​ត្រឹម​៤​ខែ​ដើម​ឆ្នាំ​២០២១​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ចិន សម្រេច​បាន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ។ ចំនួន​នេះ កើន​ឡើង​ជិត​២០​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ យ៉ាង​ណា​ក៏​ដោយ ជញ្ជីង​ពាណិជ្ជកម្ម​នេះ​ផ្អៀង​ខ្លាំង​ទៅ​រក​ចិន ដោយ​ការ​នាំ​ចូល​ពី​ចិន​មាន​ទំហំ​ទឹក​ប្រាក់​ជាង​២​ពាន់​៥រយ​លាន​ដុល្លា ខណៈ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​វិញ មាន​ចំនួន​ត្រឹម​តែ​ ៤២៤​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​៕

Close