ព័ត៌មានជាតិ

អាមេរិកប្រកាសបញ្ចប់ជំនួយដល់រដ្ឋាភិបាលកម្ពុជាលើគម្រោងការពារព្រៃឡង់ ក្រោយការកាប់បំផ្លាញនៅតែធ្ងន់ធ្ងរ

អាមេរិក​តាមរយៈ​ស្ថានទូត​របស់ខ្លួន​នៅកម្ពុជា​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​បានប្រកាសបញ្ចប់ជំនួយ​ដល់ស្ថាប័នរដ្ឋាភិបាល​កម្ពុជា​លើគម្រោង​ព្រៃឡង់បៃតង​។​ ជំនួសមកវិញ​ ជំនួយនេះ​នឹងត្រូវបង្វែរ​ទៅជួយវិស័យ​ឯកជ​ន សង្គមស៊ីវិល ​និងការងារ​របស់សហគមន៍​មូលដ្ឋាន​ ដើម្បីកែ​លម្អមុខរបរជីវភាព​រស់នៅ​ និងពង្រីកកសិកម្ម​ដែលមិនប៉ះពាល់​បរិស្ថាន​។​ បើតាមស្ថានទូតអាមេរិក​ ការបញ្ចប់ជំនួយនេះ ​គឺព្រោះតែការ​កាប់បំផ្លាញ​ព្រៃឈើនៅតំបន់​ព្រៃឡង់នៅតែមានស្ថានភាព​ធ្ងន់ធ្ងរ​។​ ប៉ុន្តែ ​ក្រសួងបរិស្ថាន​បាន​ច្រានចោល ដោយថា ​មានតែបទល្មើស​តូចៗប៉ុណ្ណោះ​។

មូលហេតុចម្បងដែលអាមេរិកសម្រេចបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជានេះ គឺដោយសារតែជំនួយរបស់អាមេរិកកន្លងមកមិនអាចជួយទប់ស្កាត់បានការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់ព្រៃឡង់ ហើយផ្ទុយទៅវិញ ស្ថាន​ភាព កាន់តែអាក្រក់ទៅៗ។ បើតាមស្ថានទូតអាមេរិកនៅកម្ពុជា គឺតាំងពីឆ្នាំ ២០១៦ មក ទោះបីជាមានការគាំទ្រ​របស់ទីភ្នាក់ងារជំនួយ​អាមេរិក USAID ដើម្បីឱ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏​ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែលនូវផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើ​នៅទី​នោះ។

បន្ថែមលើនេះ ស្ថានទូតអាមេរិកបានអះអាងទៀតថា ការកាប់ឈើខុសច្បាប់នៅតែបន្តមាន​នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃ​នៅព្រៃឡង់ ហើយអាជ្ញាធរកម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មមចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំង​នេះឡើយ។ លើសពីនេះទៀត អាជ្ញាធរកម្ពុជាបានបន្តបំបិទសំឡេង និងធ្វើទុក្ខបុកម្នេញសហគមន៍​មូលដ្ឋាន និងសង្គមស៊ីវិល ដែលបង្ហាញកង្វល់ដ៏សមហេតុផលលើការបាត់បង់ធនធានធម្មជាតិ​នៅកម្ពុជា។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រ​កសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់​ទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួចដែលក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ នេះបើតាមលោកនេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានដែលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ដោយឡែក ទាក់ទងការបញ្ចប់ជំនួយគម្រោងព្រៃឡង់បៃតងវិញ លោកនេត្រ ភក្ត្រា អះអាងថា វាជាការបង្ហាញថា ក្រ​សួងបរិស្ថានមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ លោកបន្តថា ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជា តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

សូមបញ្ជាក់ថា អាមេរិកតាមរយៈទីភ្នាក់ងារជំនួយ​អាមេរិក USAID បានចំណាយថវិកាជាង១០០លានដុល្លារអាមេរិកហើយសម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាកាប់បំផ្លាញព្រៃឈើក្រោមគម្រោងព្រៃឡង់បៃតងនេះ។ ត្បិតថា បញ្ចប់ជំនួយនេះក្តី ប៉ុន្តែអាមេរិកអះអាងថា នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាបរិស្ថាន​ និងបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា៕

Close