សេដ្ឋកិច្ច

គម្រោងផ្លូវថ្មើរជើងក្រោមដី២កន្លែងនៅខេត្តព្រះសីហនុនឹងដាក់ដំណើរការឆាប់ៗខាងមុខនេះ

គម្រោងផ្លូវថ្មើរជើងក្រោមដី២កន្លែងនៅខេត្តព្រះសីហនុ សម្រេចការសាងសង់បាន៨៥ភាគរយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែឧសភានេះ ខណៈផ្លូវថ្មើរជើងនេះនឹងបង្កភាពងាយស្រួល ក្នុងការឆ្លងផ្លូវរបស់ប្រជាពលរដ្ឋ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

លោកវង្ស សំអាតអគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងជាអ្នកដឹកនាំគម្រោងសាងសង់នេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា ផ្លូវថ្មើរជើងក្រោមដីជាលើកដំបូងនៅខេត្តព្រះសីហនុនេះ នឹងបញ្ចប់ការសាងសង់នៅចុងខែឧសភានេះ ខណៈតាមផែនការគឺគម្រោងត្រូវបញ្ចប់នៅខែសីហាឯណោះ។ ក្រុមការងារបានខិតខំបំពេញ ការងារយ៉ាងសកម្ម ទើបធ្វើឲ្យគម្រោងសាងសង់លឿនជាងផែនការរហូតដល់២ខែ។

លោកបានបន្តថា ផ្លូវថ្មើរជើងក្រោមដីទំាង២ខ្សែនេះ គឺនៅត្រង់ចំណុច រោងចក្រកាត់ដេរញ៉ូវស្តារ និងក្បែរវិទ្យាល័យឃ្លាំងលើ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស កម្មករ កម្មការិនី បានឆ្លងកាត់ផ្លូវប្រកដោយសុវត្ថិភាព ខណៈទីតំាងនេះមានស្ថានភាពចរាចរណ៍មមាញឹកខ្លំាង ងាយគ្រោះថ្នាក់និងស្ទះចរាចរណ៍ជាញឹកញាប់។

លោកបានថ្លែងទៀត “ផលប្រយោជន៍វាច្រើនសម្រាប់ប្រជាពលរដ្ឋ សម្រាប់សិស្សានុសិស្ស ប្រសិនបើយើងទាំងអស់គ្នារួមចំណែកផ្តល់ផលប្រយោជន៍ឲ្យវា ទទួលយកផលពីវា តែបើសង់ហើយយើងទាំងអស់គ្នាប្រជាជន ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សមិនឲ្យតម្លៃទៅលើវាក៏គ្មានតម្លៃដែរ អ្វីដែលបានធ្វើឡើងគឺស្ថាបត្យករយើងគេបានគិតគូរ គូសវាសរួចអស់ហើយមុននឹងសម្រេចចិត្តចំណាយ ពេលវេលា និងថវិកាសម្រាប់សាងសង់ផ្លូវក្រោមដីនេះ តែអ្វីដែលចង់និយាយនោះខ្លាចក្រែងប្រជាជនមិនទម្លាប់ ដែលធ្វើឲ្យពួកគាត់មិនចាប់អារម្មណ៍ឆ្លងផ្លូវក្រោមដី គិតតែឆ្លងថ្នល់ដោយរត់កាត់ថ្នល់ដដែល ដែលជាបញ្ហាមួយគួរឲ្យព្រួយបារម្ភ”។

លោកបានបញ្ជាក់ថា ថ្មើរជើងក្រោមដីនេះ ក្រៅពីសម្រាប់ដើរហើយនោះ ក៏មានផ្លូវដែលសម្រាប់ឲ្យប្រជាពលរដ្ឋអាចបណ្តើរកង់និងម៉ូតូឆ្លងកាត់បានផងដែរ។ លោកបានបន្តថា ការសាងសង់ផ្លូវថ្មើរជើងក្រោមដី បានផ្តល់ប្រយោជន៍ជាច្រើន ដែលរក្សាបាននូវភាពឆ្លងថ្នល់កុំឲ្យស្ទះចរាចរណ៍ រក្សាបាននូវជីវិតនិងសុវត្ថិភាពរបស់ប្រជាជន និងជាមុខមាត់របស់ប្រទេសជាតិ ដែលជាការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ។

លោកបានបានបញ្ជាក់ថា អ្វីដែល មិនទាន់រួចរាល់នោះគឺការបំពាក់គ្រឿងលម្អ ការលាបថ្នាំ បំពាក់ប្រព័ន្ធម៉ូទ័រអូតូសម្រាប់បូមទឹកខ្លាំងនិងម៉ូទ័រសម្រាប់បូមទឹកខ្សោយ កង្ហារសម្រាប់ស្រូបខ្យល់អាកាសដែលមិនល្អចេញនិងខ្យល់ល្អចូល ភ្លើងបំភ្លឺនិងបង្កាន់ដៃ ជាដើម។

គម្រោងសាងសង់ផ្លូវថ្មើរជើងក្រោមដីនេះ បានចាប់ផ្តើមការសាងសង់កាលពីដើមខែវិច្ឆិកា ។ ផ្លូវនេះមានប្រវែង២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ប្រហែលជាង៣ម៉ែត្រ ដែលមានជណ្តើរឡើង មានប្រព័ន្ធបូមទឹកចេញ មានកង្ហារសម្រាប់បញ្ជូនខ្យល់ចូលនិងមានប្រព័ន្ធភ្លើងបំភ្លឺផងដែរ៕

Close