ព័ត៌មានជាតិ

ដោយខ្លាចក្រែង​ផ្ទុះ​ការឆ្លង​មេរោគ​កាចសាហាវ​ថ្មីទៀត OMS/WHO សំណូមពរ​ឲ្យ​ផ្អាក​ការ​លក់ដូរ​សត្វព្រៃ

អង្គការសុខភាពពិភព​លោក រួមជាមួយ​អង្គការសុខភាពសត្វ​ពិភពលោក និង​កម្ម​វិធីបរិស្ថានអង្គការសហប្រជាជាតិ បានរួមគ្នាអំពាវនាវ សំណូមពរឲ្យ​អាជ្ញាធរប្រទេសទាំងអស់ ចាត់វិធានការ​ ផ្អាកការលក់ដូរសត្វព្រៃនៅរស់ នៅតាមទីផ្សារនានា​។ យោងតាមស្ថាប័នទាំង៣នេះ សត្វព្រៃនៅរស់ ជាពិសេសសត្វ​ចិញ្ចឹមកូនដោយទឹកដោះ គឺជាប្រភពនៃការចំលងមេរោគ​ចម្លែកៗ បង្កជំងឺ​កាចសាហាវ​ទៅកាន់មនុស្ស។ ជាក់ស្តែង មេរោគ​ជំងឺកូវីដ​១៩ ដែលគេសង្ស័យថា មាន​ប្រភពចេញ ពីសត្វប្រចៀវ។

អង្គការសុខភាពពិភព​លោក រួមជាមួយ​អង្គការសុខភាពសត្វ​ពិភពលោក និង​កម្ម​វិធីបរិស្ថានអង្គការសហប្រជាជាតិ បានចេញលិខិតអំពាវនាវមួយ នៅថ្ងៃអង្គារទី​១៣មេសា ដោយ​បានសំណូមពរ ឲ្យ​គ្រប់ប្រទេសទាំងអស់ ផ្អាក​ការជួញដូរ លក់សត្វព្រៃនៅរស់ នៅតាមទីផ្សារនានា។ យោងតាមស្ថានប័នទាំង៣នេះ សត្វព្រៃគឺជាប្រភពនៃចម្លងមេរោគ​ថ្មីៗ ប្រមាណ​៧០% ទៅកាន់មនុស្សយើង។

ក្រៅពីអំពាវនាវ ឲ្យ​ផ្អាក​​ការលក់ដូរសត្វព្រៃនៅរស់ នៅតាមទីផ្សារ ស្ថាប័នសុខភាព និងបរិស្ថានទាំង៣នេះ បានអំពាវនាវផងដែរ ឲ្យ​រដ្ឋាភិបាល​ប្រទេសទាំងអស់ ត្រូ​វតែប្រញ៉ាប់រៀបចំវិធានការ និងក្រិត្យក្រមសុវត្ថិភាពអនាម័យនៅតាមទីផ្សារ ដែលមាន​លក់សាច់សត្វ។ វិធានការអនាម័យ​ខ្ពស់ គឺមិនត្រឹមតែការពារ ការឆ្លងជំងឺផ្សេងពីសត្វទៅមនុស្ស​នោះទេ គឺអាចបង្កាការចម្លងមេរោគ រវាងអ្នកលក់និងអ្នកទិញផងដែរ។ អ្នកជំនាញអះអាងថា សត្វព្រៃដែលនៅរស់ ហើយមានផ្ទុកមេរោគ​ គឺវាអាចចម្លងទៅកាន់សត្វផ្សេង និងមនុស្សបាន នៅពេលណាប៉ះពាល់ជាមួយ​សំណាក ទឹកមាត់ ទឹកនោម លាមក ឬក៏ឈាមរបស់សត្វព្រៃនោះ។

បន្ថែមពីវិធានការអនាម័យ វាជារឿងចាំបាច់ ដែលប្រទេសទាំងអស់ ត្រូវតែមាន​យន្តការ​ត្រួតពិនិត្យសុខភាពសត្វចិញ្ចឹម និងសត្វព្រៃ មុននឹងដាក់លក់នៅលើទីផ្សារឲ្យ​មនុស្ស​ទិញបរិភោគ។ ស្ថាប័ន​ទាំង៣ បានអំពាវនាវផងដែរ ឲ្យ​មាន​ការបណ្តុះបណ្តាល មន្ត្រីជំនាញពេទ្យសត្វ ដែលមានតួនាទី តាមដានការអនុវត្ត និងគោរពវិធានការសុខភាពអនាម័យទាំងនេះ ឲ្យ​មានប្រសិទ្ធភាព​ខ្ពស់។ បន្ថែមពីនេះ មន្ត្រីជំនាញ​ក៏មានតួនាទីផងដែរ តាមដាន និង​ស្រាវជ្រាវ ព្រមទាំងជូនដំណឹងឲ្យ​ទាន់ពេលវេលា  ក្នុងករណីមាន​ការ​ផុសឡើង នូវមេរោគថ្មីចម្លែកណាមួយ​។

សូមបញ្ជាក់ថា យោងតាមអ្នកជំនាញ មេរោគ​កាចសាហាវជាច្រើន មានប្រភពដំបូងចេញពីសត្វ ជាក់ស្តែង ដូចជាមេរោគអេដស៍ និងមេរោគអេបូឡាជាដើម។ ដោយឡែក មេរោគកូរ៉ូណាវីរុសថ្មី ដែល​បង្កជំងឺកូវីដ​១៩នេះ ត្រូវបាន​អ្នកជំនាញ​ភាគច្រើន សង្ស័យ​ថា មានប្រភពចេញពីសត្វប្រចៀវ មុននឹងឆ្លងមកដល់មនុស្ស​។ យ៉ាងណាមិញ ផ្សារលក់សាច់សត្វដ៏ធំនៅទីក្រុងវូហាន ប្រទេសចិន គឺជាទីតាំងដែលមានការផ្ទុះការឆ្លងរាលដាលកូវីដ​១៩ មុនដំបូងគេបង្អស់។ ក្រុមអ្នកជំនាញអង្គការសុខភាព​ពិភពលោក ជឿថា វាអាចទៅរួច ដែលកូរ៉ូណាវីរុសប្រភេទថ្មីបានឆ្លងចេញពីសត្វប្រចៀវ ទៅកាន់សត្វចិញ្ចឹមណាមួយ​ទៀត ដែល​គេយក​មកលក់នៅផ្សារក្នុងក្រុងវូហាន ហើយ​បាន​ចម្លងទៅកាន់មនុស្ស ដែលចេញចូលទីផ្សារនេះ៕(ដកស្រង់ពីវិទ្យុបារាំង)

Close