ព័ត៌មានជាតិ

ស្ពាន​កោះអន្លង់ចិន នឹងក្លាយ​ជាស្ពាន​បេតុងធំជាងគេនៅកម្ពុជា

ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​នៅកោះអន្លង់ចិន ខេត្តកណ្តាល​ នឹងក្លាយ​ជាស្ពាន​បេតុង​ធំជាងគេ​នៅកម្ពុជា ដែលមាន​ទំហំទទឹងដល់ ២៥ម៉ែត្រ។

ស្ពានដែលកំពុងសាងសង់​នេះ​មាន​ចំនួនពីរ គឺ​មួយ​ត​ភ្ជាប់​ពី​ឃុំ​សិត្បូ​ត៍ ទៅកាន់​កោះអន្លង់ចិន​ដែលមាន​ប្រវែង៣៦៦​ម៉ែត្រ និង​មួយទៀត​ត​ភ្ជាប់​ពី​កោះ​អន្លង់ចិន ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ​មាន​ប្រវែង៦៣០​ម៉ែត្រ។

សូមបញ្ជាក់​ថា ស្ពាន​ឆ្លងកាត់​កោះ​អន្លង់ចិន​នេះ គឺ​ជាផ្នែកមួយ​នៃ​គម្រោង​សាងសង់​ផ្លូវក្រវាត់​ក្រុងទី៣ ដែលមាន​ប្រវែង​ជិត ៥៣​គីឡូម៉ែត្រ និង​ទទឹង​ផ្លូវ​ដល់ ២៥ ទៅ ២៧​ម៉ែត្រ។

ផ្លូវ​ក្រវាត់ក្រុង​ទី៣ ត្រូវ​ចំណាយ​ការសាងសង់​ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាលចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ផ្លូវនេះ ឆ្លងកាត់​ផ្លូវជាតិលេខ៤ ត្រង់​គីឡូម៉ែត្រ ១៤+ ១០៥ មកផ្លូវជាតិលេខ៣ ផ្លូវជាតិ​លេខ២ និង​បញ្ចប់​នៅផ្លូវជាតិលេខ១ ត្រង់​គីឡូម៉ែត្រ ២៤+៨៤០។ គម្រោង​នៃ​ផ្លូវ​នេះ ក៏មាន​ការសាងសង់​​ស្ពាន​អាកាស​ចំនួន៤​ផងដែរ ឆ្លងកាត់​ផ្លូវជាតិលេខ៤, លេខ៣, លេខ២ និង​លេខ២១ ​ប្រវែង​សរុប ១ពាន់​ម៉ែត្រ៕

Close