ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង ច្បារមន បិទ​ភូមិ​មួយ និង​ឃាត់​មនុស្ស ២១ នាក់ ពាក់ព័ន្ធ​សន្តិសុខ​ផ្សារ​អូរឫស្សី បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក

កំពង់ស្ពឺ​៖ មនុស្ស​ប្រមាណ ២១ នាក់ ត្រូវបាន​រដ្ឋបាល​ក្រុង ច្បារមន ឃាត់ខ្លួន រួច​បញ្ជូន​ទៅកាន់​មណ្ឌល​អភិវឌ្ឍន៍ជនបទ កម្ពុជា​-​កូរ៉េ ដើម្បី​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤ ថ្ងៃ បន្ទាប់ពី​សង្ស័យថា បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វិដ​-១៩ ។ ការឃាត់ខ្លួន​បញ្ជូនទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២១ នៅក្នុង​ក្រុង ច្បារមន ខេត្ត កំពង់ស្ពឺ​។​

​លោក ហុក ម៉ា​រ៉ា​ឌី អភិបាលក្រុង ច្បារមន បាន​ប្រាប់ថា​រដ្ឋបាល​ក្រុង និង​ក្រុមគ្រូពេទ្យ ធ្វើ​ការឃាត់​មនុស្ស ១៩ នាក់ ស្រី ១២ នាក់ ដែល​ទើប​ធ្វើដំណើរ​មកពី​រាជធានី ដើម្បី​មកលេង​បងប្អូន​នៅក្នុង​ភូមិ ស្គុះ សង្កាត់ ស្វាយ​ក្រ​វ៉ាន់ ក្រុង ច្បារមន ។ ការឃាត់ខ្លួន​មនុស្ស​ទាំង ១៩ នាក់ គឺ​ដោយ​សង្ស័យថា បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ឈ្មោះ ឃីម ភារ​ម្យ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជា​សន្តិសុខ​នៅ​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ ជា​បងប្អូន​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩​។

​លោក ហុក ម៉ា​រ៉ា​ឌី បានបញ្ជាក់​បន្ថែមថា ក្រោយពី​ឃាត់​មនុស្ស ១៩ នាក់ ខាងលើ រដ្ឋបាល​ក្រុង​រួមជាមួយ​ក្រុមមន្ត្រី​សុខាភិបាល​បាន​បន្តទៅ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​បន្ថែមទៀត ក្នុងនោះ​ក៏មាន​មន្ត្រី​ប៉ូលីស​ប៉ុស្តិ​រដ្ឋបាល​ម្នាក់​ផងដែរ ដែល​បាន​ពាក់ព័ន្ធ នឹង​អ្នក​ទាំង ១៩ នាក់ ខាងលើ បញ្ជូនទៅ​មណ្ឌល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ។ ក្នុងនោះ គណៈបញ្ជាការ​ឯកភាព​ក្រុង​បានសម្រេច​បិទ​ទីតាំង​ភូមិ​ខាងលើ ជា​បណ្តោះអាសន្ន ក្រោយ​បញ្ជូន​អ្នក​ពាក់​ព​ន្ធ័​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ។

​អភិបាលក្រុង ច្បារមន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​ការ​ចរាចរណ៍​ទៅមក ជា​បណ្តោះអាសន្ន​សិន ពិសេស គឺ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដើម្បី​កាត់បន្ថយ​អត្រា​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ។ ការមិន​ចរាចរណ៍​ឆ្លងកាត់ គឺជា​ប្រការ​ល្អ​បំផុត ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការរីក​រាលដាល និង​ចម្លងជំងឺ​កូ​វិដ​-១៩ ។ មួយវិញទៀត ការរស់នៅ​ដោយមាន​គម្លាត គឺជា​ការចូលរួមចំណែក​អនុវត្ត​វិធានការ (៣​កុំ ៣​ការពារ​) ដ៏​ល្អ​បំផុត​៕

Close