ព័ត៌មានជាតិ

ពលរដ្ឋ៣៦គ្រួសារ សុំអន្តរាគមន៍ពីអភិបាលខេត្តកំពត កុំឲ្យក្រុមហ៊ុនលោកឧកញ៉ា សូ ងួន ឈូសឆាយផ្ទះសម្បែង និងផលដំណាំ ដោយសុំឲ្យរកដំណោះស្រាយតាមផ្លូវច្បាប់

កំពតៈប្រជាពលរដ្ឋចំនួន៣៦គ្រួសារ រស់នៅភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក បាននាំគ្នាដាក់លិខិតមួយច្បាប់ជូនអភិបាលខេត្តកំពត ដើម្បីសុំកិច្ចអន្តរាគមន៏បន្ទាន់ ស្នើសុំកុំឲ្យក្រុមហ៊ុន worl tristar entertainment(cambodia)របស់លោក ឧកញ៉ា សូ ងួន បន្តការឈូសឆាយផ្ទះសម្បែងនិងផលដំណាំពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែងជាច្រើនឆ្នាំមកហើយ និងសុំឲ្យមានការដោះស្រាយស្របតាមច្បាប់ និងតាមអនុសាសន៏របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យថ្នាក់ខេត្តបង្កើតគណៈកម្មការចុះសិក្សាប្រមូលព័ត៌មាន ដើម្បីកាត់ឆ្វៀលដីរបស់រដ្ឋជូនពលរដ្ឋដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែង ងាយស្រួលក្នុងការគ្រប់គ្រងដីរដ្ឋនិងបញ្ចៀសការទន្រ្ទានដីកម្មសិទ្ធិរបស់រដ្ឋជាបន្តទៀត។ក្រៅពីនោះសម្តេចតេជោនូវបានបញ្ជាក់ច្បាស់ៗថា បើដីក្រុមហ៊ុនវិនិយោគណាដែលបានទទួលសម្បទានពីរដ្ឋដែលនៅមិនទាន់បានធ្វើការអភិឌ្ឍន៍ដាំដុះដំណាំ ហើយបើមានពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែង ត្រូវកាត់ឆ្វៀលចេញឲ្យពលរដ្ឋកាន់កាប់អាស្រ័យផលជាបន្តទៅ។

ប្រជាពលរដ្ឋទាំង៣៦គ្រួសារ បានអះអាងថា ពួកគាត់បានកាន់កាប់អាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយលើទំហំដីចំនួន៩៦ហិកតា ចំណុចភ្នំគោរត់ ក្នុងភូមិសាស្ត្រភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង។ ដីទាំងអស់នេះពលរដ្ឋខ្លះបានទទួលចំណែកដីពីការបែងចែក ពីអាជ្ញាធរមូលដ្ឋានក្នុង១ គ្រួសារទំហំ៥ហិកតា ក្នុងពីឆ្នាំ១៩៩៨ ក្រោយពេលសមាហរណកម្ម ខ្លះមានទាំងប័ណ្ណកម្មសិទ្ធិដែលក្រុមនិសិ្សតចុះវាស់វែងឲ្យតាំងពីឆ្នាំ២០១២តាមបទបញ្ជា០១របស់សម្តេចតេជោ។ ឯពលរដ្ឋខ្លះទៀតដែលក្រុមនិស្សិតពុំទាន់បានវាស់វែងឲ្យ ក៏ចេះតែនាំគ្នាកាប់ឆ្កាព្រៃដោយដៃ និងដាំដុះជាបន្តបន្ទាប់ ហើយខ្លះទៀតក៏បានទិញដីចំណុចគោរត់នេះពីម្ចាស់ដីដើម ដោយមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិទួលដូនទ្រី និងមេឃុំត្រពាំងភ្លាំងផងដែរ។ ឯពលរដ្ឋមួយចំនួនទៀតក៏ចេះតែកាប់ឆ្កាព្រៃ ដាំដុះអាស្រ័យផលតាមយថាកម្ម ដោយមិនទាន់បានធ្វើលិខិតកាន់កាប់ដីធ្លី ដែលទទួលស្គាល់ពីអាជ្ញាធរ មូលដ្ឋានត្រឹមត្រូវឡើយ។

ពលរដ្ឋទាំង៣៦គ្រួសារលើកឡើងបន្តថា តាំងពីពួកគាត់កាប់ឆ្ការព្រៃ ដាំដុះដំណាំផ្សេងរួមមាន ស្វាយ ក្រូច ចេក ល្ហុង ស្រូវ អាស្រ័យផលនៅក្នុងចំណុចភ្នំគោរត់ ជាច្រើនឆ្នាំកន្លងទៅនេះ គឺពុំដែលមានទំនាស់ជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួន ឡើយ។ស្រាប់តែនៅចុង២០២០នេះ លេចមុខក្រុមហ៊ុន work tristar entrainment របស់លោកឧកញ៉ា សូ ងួន ចុះមកធ្វើការវិនិយោគ និងបានប្រើប្រាស់សន្តិសុខរបស់ក្រុមហ៊ុនមកគំរាមកំហែងរុះរើផ្ទះសម្បែង និងកាប់បំផ្លាញផលដំណាំរបស់ពួកគាត់ អស់មួយចំនួន នៅសល់តែចំណុចភ្នំគោរត់ ដែលខាងក្រុមហ៊ុនមិនទាន់ចុះរុះរើនៅឡើយទេ។ ប៉ុន្តែសន្តិសុខរបស់ក្រុមហ៊ុនចេះតែចុះមកគំរាមកំហែងពួកគាត់ឲ្យរុះរើផ្ទះចេញ ស្ទើរជារៀងរាល់ថ្ងៃ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ទើបនាំគ្នាសម្រេចចិត្តដាក់លិខិតគោរពជូនឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតឲ្យជួយអន្តរាគមន៏សុំឲ្យក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួន ផ្អាកការរុះរើសិន ដោយរង់ចាំដំណោះស្រាយតាមផ្លូវច្បាប់ ពីសំណាក់អាជ្ញាធរថ្នាក់ខេត្តជាមុនសិន។ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែមករាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ នៅក្នុងសាលាឃុំត្រពាំងភ្លាំង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានប្រាប់ទៅក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួន ផ្អាកការរុះរើផ្ទះសម្បែង ឈូសឆាយផលដំណាំរបស់ពលរដ្ឋដែលកំពុងកាន់កាប់អាស្រ័យជាក់ស្តែងសិន ដោយរង់ចាំក្រុមការងារគណៈកម្មការថ្នាក់ខេត្ត ចុះមកប្រមូលទិន្នន័យ ព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយជំលោះដីធ្លីដោយសន្តិវិធី។ផ្ទុយទៅវិញ ក្រុមសន្តិសុខរបស់លោកឧកញ៉ា សូ ងួន បែរជាមិនអនុវត្តន៏តាមការណែនាំនេះ ដោយនូវតែបន្តប្រើអំពើហិង្សាលើពលរដ្ឋស្លូតត្រង់ ហើយបានបន្តរុះរើផ្ទះសម្បែង និងកាប់បំផ្លាញផលដំណាំរបស់ពលរដ្ឋយ៉ាងអនាធិបតេយ្យ មិនខ្វល់ពីអនុសាសន៏ណែនាំរបស់ឯកឧត្តមអភិបាលខេត្តកំពតឡើយ។

លោក គង់ ជិន មេភូមិទួលដូន្តី ទទួលស្គាល់ថាពលរដ្ឋទាំងអស់នេះពិតជាបានកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងលើផលដំណាំជាយូរឆ្នាំមកហើយពិតមែន។ លោកបន្តថា អ្នកខ្លះកាន់កាប់តាំងពីឆ្នាំ១៩៩៨ ក្រោយពេលសមាហរណកម្មភ្លាមម៉្លេះ ដែលកាលណោះ អាជ្ញាធរមូលចែកឲ្យក្នុងមួយគ្រួសារទំហំ៥ហិកតា ខ្លះក៏បានទទួលប័ណ្ណកម្មសិទ្ធិពីក្រុមនិស្សិតចុះវាស់វែងឆ្នាំ២០១២ ឯអ្នកខ្លះទៀតដែលក្រុមនិស្សិតមិនទាន់បានវាស់វែងឲ្យ ក៏ចេះតែកាន់កាប់អាស្រ័យផលជាធម្មតា និងបានលក់បន្តឲ្យអ្នកផ្សេង ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងមួយចំនួនក៏មិនទាន់បានធ្វើលិខិតកាន់កាប់ប្រើប្រាសដីធ្លីដែរ ដោយចេះតែកាប់ឆ្ការព្រៃពង្រីកផ្ទៃដីដាំដុះមកជាហូរហែ ដោយគ្មានទំនាស់អ្វីឡើយ។

លោកមេភូមិទួលដូន្តី បានសំណូមដល់ថ្នាក់ដឹកនាំខេត្តកំពត ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន មេត្តាអន្តរាគមន៏ជួយដល់ពលរដ្ឋដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែងឲ្យបានឆាប់ៗផង បើមិនដូច្នោះទេ ក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួន នឹងរុះរើផ្ទះសម្បែង ឈូសឆាយផលដំណាំរបស់ពលរដ្ឋអស់ជាមិនខានឡើយ។

ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីខាងលើនេះ លោកឧកញ៉ាសូ ងួន បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃ២១ ខែមករា ឆ្នាំ២០២១នេះថា ក្រុមហ៊ុនរបស់លោកមានច្បាប់អនុញ្ញាតឲ្យវិនិយោគត្រឹមត្រូវ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា។លោកឧកញ៉ាបន្តថា លោកបានប្រកាសជូនដំណឹងឲ្យ ពលរដ្ឋដែលលួចទន្ទ្រានយកដីក្រុមហ៊ុនឲ្យរុះរើខ្ទមចេញ តាំងពីខែកក្កដាឆ្នាំ២០២០មកម៉្លេះ ប៉ុន្តែពួកគាត់មិនព្រមរុះរើឡើយ ដោយសារមានបុគ្គលមានលុយ និងមានអំណាចខ្លះនៅពីក្រោយខ្នង រហូតឈានដល់ការផ្ទុះហិង្សារវាងសន្តិសុខក្រុមហ៊ុននិងពលរដ្ឋតវ៉ា បណ្តាលឲ្យសន្តិសុខក្រុមហ៊ុនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបស់ធ្ងន់ដោយសារគ្រាប់កាំភ្លើង ហើយអ្នកផ្តល់អាវុធដែលជាមន្ត្រីយោធាម្នាក់ ត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ដាក់ពន្ធនាគារ ឯអ្នកបាញ់មកលើសន្តិសុខក្រុមហ៊ុន សមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

លោកឧកញ៉ាបន្ថែមថា លោកបានកាត់ដីទំហំ៨០ហិកតាប្រគល់ឲ្យរដ្ឋបាលខេត្តកំពត ដើម្បីធ្វើការបែងចែកឲ្យពលរដ្ឋទាំងនោះចំនួន៤០គ្រួសាររួចហើយដែរ។ដោយឡែកអ្នកនៅលើដីក្រុមហ៊ុនផ្សេងទៀត ត្រូវតែរុះរើចេញ បើពុំនោះទេ លោកនឹងអនុវត្តន៏តាមច្បាប់រដ្ឋដើម្បីកុំឲ្យជនខិលខូចបន្តការតវ៉ាខុសច្បាប់ ដោយបំណងអាក្រក់ ឈ្នះបានដី ចាញ់បានលុយ ធ្វើឲ្យប៉ះពាល់ដល់គាលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែគាំពាដល់អ្នកវិនិយោគស្របច្បាប់៕

Close