កីឡា
ជើងឯកពិភពលោកនៅបេឡារុស៖ តេក្វាន់ដូ ITF បានមេដាយសំរឹទ្ធ១ទៀតហើយ
អត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ទទួលបានមេដាយសំរឹទ្ធ១ទៀតហើយលើវិញ្ញាសាសំដែង នាការប្រកួតជើងឯកពិភពលោកកម្រិតយុវជន នៅប្រទេសបេឡារុស។ មុនទទួលបានមេដាយសំរឹទ្ធនេះ កីឡាករ បួន ច័ន្ទថារ៉ាត់ បានឈ្នះមេដាយប្រាក់១ផងដែរ លើវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាម។ ប្រតិភូកីឡាកម្ពុជា នឹងនាំមេដាយទាំងនេះ មកដល់មាតុភូមិនៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ។
សម្រាប់ការប្រកួតលើវិញ្ញាសាសម្តែងបច្ចេកទេសការពារខ្លួន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រុមអត្តពលិកតេក្វាន់ដូ ITF កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងចំណោម១៣ប្រទេស ដោយពួកគេចាញ់ក្រុមកីឡាករកូរ៉េខាងជើង និងរុស្ស៊ី។ តាមរយៈចំណាត់ថ្នាក់នេះ ធ្វើឲ្យកម្ពុជាទទួលបានមេដាយសំរឹទ្ធ១បន្ថែម ពីការប្រកួតជើងឯកពិភពលោកនៅបេឡារុស បន្ទាប់ពីកីឡាករ បួន ច័ន្ទថារ៉ាត់ ដណ្តើមបានមេដាយប្រាក់លើវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាម។