ព័ត៌មានជាតិ

ឧត្តមសេនីយ៍ កោះ សុភី ហៅតា ហ៊ុំ ហយ នៅតែមានអំណាចកាប់បំផ្លាញព្រៃអភិរក្សជួរភ្នំក្រវាញកណ្តាល ក្រោមការឃុបឃិតពីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់

ទំនាក់ទំនងការផ្សាយៈ071 7888 345
ឧត្តមសេនីយ៍ កោះ សុភី ហៅ ហ៊ុំ ហយ ដែលមានឈ្មោះក្នុងបញ្ជីខ្មៅថាជាឧក្រិដ្ឋជនព្រៃឈើប្រចាំខេត្តពោធិ៍សាត់ នៅតែមានអំណាចបន្តការកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សជួរភ្នំក្រវាញកណ្តាល និង ភ្នំឱរ៉ាល់ យ៉ាងវិនាសសកម្មជាដដែល ដោយសារមានមន្ត្រីដ៏មានអំណាចម្នាក់នៅក្នុងនេះជាអ្នកឃុបឃិតបើកដៃ និងចាំសម្របសម្រួលជាមួយមន្ត្រីពាក់ព័ន្ធ នេះបើតាមការឲ្យដឹងពីសកម្មជនព្រៃឈើ ដែលបានចុះទៅឃ្លាំមើលនៅតំបន់នោះ។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ រកឃើញថា ការកាប់បំផ្លាញ់ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញកណ្តាលនិងភ្នំឱរ៉ាល់ កំពុងកើតមានយ៉ាងអនាធិបតេយ្យ
ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្ត ជាពិសេសមន្ត្រីអនុរក្សបរិស្ថានឡើយ។

ក្នុងអំឡុងពេលចុះអង្កេតឃ្លាំមើល លោកហេង ស្រស់ បានរកឃើញថា មានកម្មករកាប់ឈើចំនួនពីរក្រុម ដែលកំពុងតែសម្រុកចូលកាប់បំផ្លាញព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញកណ្តាលនិងភ្នំឱរ៉ាល់ ក្នុងនោះមានឈ្មោះ តាថុង ដែលជាមេការឈរជើងចាំទិញឈើនៅតំបន់នោះ រួចក៏ដឹកឈើ យកមកលក់ឲ្យឧត្តមសេនីយ៍ កោះ សុភី នៅក្នុភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។លោកបន្តថា ឈើជាច្រើនប្រភេទត្រូវបានគេកាត់ផ្តួល អារច្រៀក ហើយដឹកតាមរថយន្តច្នៃ កាត់តាមចំណុចអូរសសៃធំ អូរម៉ាមី អន្លង់អំពិល និងកាត់មុខស្នាក់ការរងទី3 ស្វាយមូល ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល ខេត្តពោធិសាត់ ។
លោក

លោកបន្តថា ក្រុមមេការរបស់លោក ឧត្តមសេនីយ៍ កោះ សុភី ហៅ ហ៊ុំ ហយ បានគៀងគរមនុស្សនិងបញ្ជូនពួកគេ ឲ្យទៅកាប់ឈើនៅចំណុច កញ្ចុះព្រះ និងវាលថ្មធំ ដោយមានទាំងកម្លាំងប្រដាប់អាវុធចាំការពារសុវត្ថិភាពទៀតផង។

បើតាមខ្សែអាត់សម្លេងដែលអង្គភាពព័ត៌មានទទួលបាន តាថុង ដែលជាមេការម្នាក់របស់លោកឧត្តមសេនីយ៍ កោះ សុភី បាននិយាយថា ថៅកែរបស់លោក បានចំណាយលុយក្នុង១ខែៗ រាប់មុឺដុល្លារឲ្យមន្ត្រីពាក់ព័ន្ធនៅក្នុងដែនសមត្ថកិច្ច ពិសេសគឺមន្ត្រីឧទ្យានុរក្ស និងមន្ត្រីអាវុុធហត្ថទើបអាចបន្តសកម្មភាពរកសុីបាន។ដោយសារតែការចំណាយសូកប៉ាន់ច្រើន ទើលោកទិញឈើអារស្រេចនៅនឹងគល់ត្រឹមតម្លៃ៤០មុឺនរៀលក្នុង១ម៉ែត្រគូប ហើយបើថ្លៃពលកម្មវិញ គឺ១ម៉ែត្រគូប១៥មុឺនរៀល ប៉ុន្តែយ៉ាងណាតាដុងលើកឡើងថា មិនធានាខុសត្រូវលើការចាប់ចងរបស់អង្គការអន្តរជាតិវ៉ាយអេតឡើយ។

ទាក់ទងសារសម្លេងបែកធ្លាយនេះមេការឈ្មោះ តាថុង បានទទួលស្គាល់ថា ពិតជាសម្លេងរបស់គាត់ទាំងអស់មែន ប៉ុន្តែលោកបានបដិសេធថាលោកមិនមែនមេការក្នុងការកាប់បំផ្លាញព្រៃឈើអីទេ ឯលោកឧត្តមសេនីយ៍ កោះ សុភីហៅតា ហ៊ុំ ហយ រកសុីឈើអី ខ្នាតធំអី យ៉ាងណានោះ មិនពាក់ព័ន្ធនឹងគាត់ទេ។


ដោយឡែកចំពោះការដឹកឈើតាមរថយន្តខ្នាតធំៗចេញពីភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរយកទៅលក់នៅក្រុងភ្នំពេញនិងខេត្តកំពង់ស្ពឺវិញ សកម្មជនព្រៃឈើរកឃើញថា លោកឧត្តមសេនីយ៍ កោះ សុភី មិនហ៊ានចេញមុខទេ ដោយគល់ឲ្យមន្ត្រីអាវុធហត្ថម្នាក់ឈ្មោះ ចាន់នី និងមន្ត្រីនគរបាលខេត្តពោធិ៍សាត់ម្នាក់ បូរ ដែលល្បីឈ្មោះថាអ្នកប្រមូលសេដ្ឋកិច្ចឲ្យសាលាខេត្ត ជាអ្នកសម្របសម្រួលរត់ការគ្រប់សមត្ថកិចជំនាញ។

សកម្មជនព្រៃឈើលោក ហេង ស្រស់ បារម្ភថាយើងខ្លាចព្រៃឈើនៅតំបន់ជួរភ្នំក្រវាញកណ្តាល រងវិនាសកម្មដូចទៅហ្នឹងតំបន់ដទៃទៀត ដូចជា តំបន់ព្រៃឡង់ ព្រៃព្រះរកា ដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងស្រុកស្នួល បឹងពែ និងតំបន់ដទៃផ្សេងទៀត។ ហើយបើតាមការអង្កេតរបស់លោកវិនាសកម្មព្រៃឈើជាច្រើនឆ្នាំមកនេះ គឺសុទ្ធសឹងតែជាប់ពាក់ព័ន្ធនិងអំពើពុរលួយជាប្រព័ន្ធរវាងមេឈ្មួញ និងមន្ត្រី ដែលទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវមានគោលជំហរច្បាស់លាស់ក្នុងការប្តេជ្ញាចិត្តការពារព្រៃឈើកេរមរតកដូនតាខ្មែរយើងទាំងអស់គ្នា ជាពិសេសគឺការទប់ស្កាត់ និងបង្ក្រាបបទល្មើស ត្រូវរកឲ្យឃើញអ្នកពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ ដូចការប្តេជ្ញាចិត្តរបស់សម្តេច ហ៊ុន សែន ក្នុងប្រើប្រាស់អភិក្រមទី៥នាពេលកន្លងមក។

ទាក់ទងនឹងការរកឃើញរបស់សកម្មជនព្រៃឈើខាងលើនេះ អង្គភាពព័ត៌មានមិនអាចស្វែងរកការបំភ្លឺពីលោកឧត្តមសេនីយ៍កោះ សុភី ហៅតា ហ៊ុំ ហយ ដែលជាមេឈ្មួញរកសុីឈើល្បីឈ្មោះបានទេ៕

Close