ព័ត៌មានជាតិ

អធិការស្រុកកំចាយមារ និង មន្ត្រីសុរិយោដី រួមគ្នាឆបោកប្រាក់ពលរដ្ឋជាង២លានដុល្លារ តាមរូបភាពលក់ដីខ្យល់ជាង៤០០ហិកតា

ព្រៃវែង៖លោកវរសេនីយ៍ឯក ស៊ីវ សុខុម អធិការនគរបាលស្រុកកំចាយមារ ខេត្តព្រៃវែង និង លោក ម៉ាន់ រចនា មន្ត្រីសុរិយោដីស្រុកកំចាយមារ ព្រមទាំងបក្ខពួក២នាក់ទៀត ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ ពីបទ “ឆបោក” ប្រាក់ជាង២លានដុល្លារ តាមរូបភាពលក់ដីខ្យល់ជាង៤០០ហិកតា ។

តាមប្រភពព័ត៌មានច្បាស់ការណ៍មួយឲ្យដឹងថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះ ថា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការលើឈ្មោះ ស៊ីវ សុខុម អាយុ៥៤ឆ្នាំ ជាអធិការនគរបាលស្រុកកំចាយមារ ឈ្មោះ ម៉ាន់ រចនា អាយុ៣៩ឆ្នាំ ជាមន្ត្រីសុរិយោដីស្រុកកំចាយមារ ឈ្មោះ ពិន សារន់ អាយុ៥១ឆ្នាំ និង ឈ្មោះ គួន សុវណ្ណ អាយុ២៩ឆ្នាំ ពីបទ “ឆបោក” ប្រព្រឹត្តនៅចំណុចភូមិចំការចេក១ ឃុំក្រញូង និង ភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តាមមាត្រា៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ទោះបីយ៉ាងណា បច្ចុប្បន្នជនទាំង៤នាក់ នេះ កំពុងស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ដែលតុលាការកំពុងបន្តនីតិវិធី អាចឈានដល់ការចាប់ខ្លួននាពេលខាងមុខនេះ ។

តាមអង្គហេតុពិតប្រាកដមួយ ដែលអង្គភាពព័ត៌មាន ទទួលបាន បង្ហាញថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ និង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឈ្មោះ ស៊ីវ សុខុម ឈ្មោះ ម៉ាន់ រចនា ឈ្មោះ ពិន សារន់ និង ឈ្មោះ គួន សុវណ្ណ បានចុះកិច្ចព្រមព្រៀងទិញលក់ដីជាមួយដើមបណ្តឹងឈ្មោះ តាំង ស្រ៊ីអ៊ុយ ឈ្មោះ ណម តុង ឈ្មោះ វ៉ែន វ៉ាន់យូ និង ឈ្មោះ ឈុន អេង លើផ្ទៃដីសរុបចំនួន៤១០,៤៦ហិកតា ដែលមានទីតាំងទី១ មានទំហំសរុប ២៣១,៤១ហិកតា ស្ថិតនៅភូមិចំការចេក១ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង និង ទីតាំងទី២ មានទំហំ ១៧៩,០៥ហិកតា ស្ថិតនៅ ភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង តាមតម្លៃដែលបានឯកភាពគ្នានៅក្នុងកិច្ចព្រមព្រៀង ។

ប្រភពព័ត៌មានដដែល បន្តថា ចាប់តាំងពីថ្ងៃចុះកិច្ចព្រមព្រៀងទិញលក់លើកទី១ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ភាគីអ្នកលក់ទាំង៤នាក់ គឺ ឈ្មោះ ស៊ីវ សុខុម ឈ្មោះ ម៉ាន់ រចនា ឈ្មោះ ពិន សារន់ និង ឈ្មោះ គួន សុវណ្ណ បានទទួលប្រាក់ជាបន្តបន្ទាប់ពីភាគីអ្នកទិញ គឺ ឈ្មោះ តាំង ស្រ៊ីអ៊ុយ ឈ្មោះ ណម តុង ឈ្មោះ វ៉ែន វ៉ាន់យូ និង ឈ្មោះ ឈុន អេង សរុបចំនួន២,០៣១,៣៨២ដុល្លារអាមេរិក រួចហើយ តែភាគីអ្នកលក់ពុំមានដីប្រគល់អោយភាគីអ្នកទិញឡើយ ។

ទោះបីយ៉ាងណា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៊ីវ សុខុម អធិការនគរបាលស្រុកកំចាយមារ បាននៅឡើយទេ៕

Close