ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចង់ទុកឲ្យលោក ស ថេត ស្នងការនគរបាល ចេញមុខបង្ក្រាបសង្វៀនមាន់ជលអាប៉ោង នៅភូមិថ្មគោល ដោយផ្ទាល់ឬយ៉ាងណា?

ទំនាក់ទំនងការផ្សាយៈ 012 676 885
(ភ្នំពេញ)៖ សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយ​កន្លែងបច្ចុប្បន្ន​កំពុង​ដំណើរការលេងយ៉ាងសប្បាយនៅចំនុចក្រោមដើមស្វាយក្នុងដីឡូត៍ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យមិនមានអាជ្ញាធរ ឬសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបឡើយ។

ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀន អាងប៉ោងនោះបានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានកាន់មាន់ចូលទៅដីឡូត៍ក្រោមដើមស្វាយ ដើម្បីយកទៅជល់ភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ អាប៉ោងព្រមទាំងស្រែកហ៊ោរកញ្រ្ជៀវឡូឡាពេញក្នុងក្រោមដើមស្វាយនៅពេលគេចាញ់ឈ្នះម្តងៗ។

បើយោងតាមមន្ត្រីម្នាក់បង្ហើបថា សង្វៀនអាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន។ ក្នុងករណីនេះដែរមានមេការម្នាក់របស់មេសង្វៀនដ៍ធំនេះជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងក្រុង ដេីម្បីបិទមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។មន្រ្តីនោះបន្តថា ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យនេះ ល្បែងខុសច្បាប់គ្រប់ប្រភេទជាពិសេសល្បែងជល់មាន់អាប៉ោង បើលោកម៉ន វុធី អធិការ និងចៅហ្វាយខណ្ឌមិនបើកដៃឲ្យលេងគឺក៍មិនអាចលេងបានដែរ?។

សូមបញ្ជាក់ថា ក្នុងការ​ភ្នាល់​ជល់មាន់អាប៉ោង ម្ដងៗ​មាន​អ្នក​ឈ្នះ​ចាញ់​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មួយនេះទេ​។ គេសង្ស័យថាល្បែងភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះ ជា​ឆ្នាំងបាយ​លោកម៉ន វុធី និងចៅហ្វាយខណ្ឌហើយ ទើបរក្សាភាពស្ងៀមស្ងាត់​បើក​ដៃទុកឲ្យ​ល្បែងភ្នាល់មួយនេះកើតឡើ​ងយ៉ា​ងអនាធិបតេយ្យបែបនេះ។​

ដូច្នេះ​ប្រជាពលរដ្ឋ​ក៏ដូចជាមហាជន បាន​អំពាវនាវយ៉ាងទទូចឲ្យ លោក ស ថេត ស្នងការរាជធានីជាពិសេស លោក ឃួង ស្រេងអភិបាលនៃគណៈអភិ​បាលក្រុងភ្នំពេញ គួរចាត់វិធានការលើ លោក ម៉ន វុធី អធិការនិងលោក ហែម ដារិទ្ធ ចៅហ្វាយខណ្ឌ ដែលកំពង់បើកដៃឲ្យមានសង្វៀនជល់មាន់ អាប៉ោង ចំណុច​ក្រោមដើមស្វាយ ភូមិថ្មគោល សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យនេះផង។

ប្រសិនបើជា​លោកអធិការ ចៅហ្វាយខណ្ឌពិតជាមិនបាន​ជាប់ពាក់ព័ន្ធនឹងផលប្រយោ​ជន៍ផ្ទាល់ខ្លួន​ទេនោះ គឺត្រូវតែហ៊ាន​បង្ហាញ​ជំហរដឹកនាំដោយភាព​ស្មោះត្រង់​ បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភា​ព​របស់រាជរដ្ឋាភិបាល​ ដោយមិនគួរបណ្តោយឲ្យមានល្បែងដូច្នេះទេ? ឬមួយចង់ទុកឲ្យលោកស ថេត ចេញមុខមកបង្ក្រាបដោយផ្ទាល់នោះ? ៕

Close