ព័ត៌មានជាតិ

ក្រុមអភិរក្ស រកឃើញសត្វទន្សោង១ក្បាល ដែលជាប្រភេទសត្វកម្រ មានទម្ងន់ប្រមាណ៥០០គីឡូក្រាម ងាប់ក្នុងព្រៃ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ នេះ បើយោងតាមរយៈហ្វេសប៊ុក Ministry of Environment បានបញ្ជាក់ថា៖“ក្រុមអភិរក្សរកឃើញសត្វទន្សោង១ក្បាល ងាប់ក្នុងព្រៃខេត្តឧត្តរមានជ័យ។

សត្វទន្សោង១ក្បាលដែលជាប្រភេទសត្វកម្រ មានទម្ងន់ប្រមាណ៥០០គីឡូក្រាម បានងាប់ក្នុងដែនជម្រកសត្វព្រៃសង្សរុក្ខវ័ន្ត នៅខេត្តឧត្តរមានជ័យ។

យោងតាមសង្ឃដីការបស់ព្រះតេជគុណ ប៊ុត សាលួត ព្រះប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត ប្រចាំការនៅតំបន់ការពារធម្មជាតិ សត្វទន្សោង នេះបានស្លាប់ប្រហែល១ឬ២ថ្ងៃមុន ហើយគេមិនទាន់ដឹងមូលហេតុអ្វីនៅឡើយ។ ប៉ុន្តែសត្វទន្សោងនេះហាក់ដូចជាមានវ័យចំណាស់ និងនៅលើជើងឆ្វេងរបស់វា មានស្នាមធ្លាប់ជាប់អន្ទាក់ព្រានព្រៃផងដែរ។

ព្រះតេជគុណ ប៊ុត សាលួត ព្រះប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត និងមន្រ្តីបរិស្ថាន បានរៀបចំធ្វើពិធីបុណ្យបង្សុកូលតាម ប្រពៃណីព្រះពុទ្ធសាសនា ហើយបានសំដែងការសោកស្តាយចំពោះការបាត់បងធនធានជីវៈចម្រុះដ៏កម្រនៅលើពិភពលោក៕

Close