ព័ត៌មានជាតិ

តុលាការខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យលោក សាក់ សារុន មេបញ្ជាការអាវុធហត្ថស្រុកកែវសីមា ចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងការជួញដូរឈើខុសច្បាប់

ទំនាក់ទំនងការផ្សាយ ០៧១ ៧៨៨៨ ៣៤៥
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី លោក ទៀង សុថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានចេញដីកាបង្គាប់ លេខ៤៥១/១៩ ដោយតម្រូវឲ្យជនត្រូវចោទឈ្មោះ សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា ចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើសប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

នៅក្នុងដីកាបង្គាប់អោយចូលខ្លួននេះបានបញ្ជាក់ថា៖ “យើង ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។
បានឃើញសំណុំរៀងស៊ើបសួរលេខ ១៣២ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។
បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៣២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដែលផ្ដើមចោទប្រកាន់លើ ៖ ឈ្មោះ សាក់ សារុន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទីកន្លែងកំណើតភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ { “ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយ
គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តនៅភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា ៩៦ កថាខណ្ឌ១ ចំណុច២ និងមាត្រា៩៨ កថាខណ្ឌ២ ចំណុច១ នៃច្បាប់ស្តីពីព្រៃឈើ ។

ហេតុដូច្នេះ សម្រេច ១-បង្គាប់មកជនដែលមានឈ្មោះ សាក់ សារុន ភេទប្រុស អាយុ៥៦ឆ្នាំ ឱ្យចូលមកកាន់ សាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៩ និង ០០ នាទីព្រឹក ដើម្បីសាកសួរ ពីដំណើររឿង ៖ “ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តនៅភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ។ ២. ករណីសាមីខ្លួនមិនព្រមចូលមកបង្ហាញខ្លួនតាមកាលកំណត់ខាងលើទេ យើងនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន ។

ការចេញដីកាបង្គាប់ឲ្យលោក សាក់ សារុន មេបញ្ជាការអាវុធហត្ថស្រុកកែវសីម៉ា ចូលឆ្លើយបំភ្លឺនេះ ពោលគឺក្នុងខណៈដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា កំពុងបើកប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើទូទាំងប្រទេសយ៉ាងក្តៅគគុក និងឈានដល់ការចោទប្រកាន់ចាប់ខ្លួនមេឈ្មួញទុច្ចរិត និងមន្ត្ត្រីពាក់ព័ន្ធជាបន្តបន្ទាប់។

ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើ ក៏ដូចជាមហាជនទូទៅ កំពុងរង់ចាំមើលថា តើលោក សាក់ សារុន ដែលជាប្អូនប្រុសបង្កើតរបស់លោក សាក់ សារ៉ាង អតីតមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង មានវាសនាល្អអាចគេចផុតពីសំណាញ់ច្បាប់ដែរឬយ៉ាងណា៕

Close