កីឡា

ជើងឯក​ពិភពលោក​នៅ​បេឡា​រុស​៖ តេ​ក្វាន់​ដូ ITF បាន​មេដាយ​សំរឹទ្ធ​១​ទៀតហើយ

អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ទទួលបាន​មេដាយ​សំរឹទ្ធ​១​ទៀតហើយ​លើ​វិញ្ញាសា​សំដែង នា​ការប្រកួត​ជើងឯក​ពិភពលោក​កម្រិត​យុវជន នៅ​ប្រទេស​បេឡា​រុស​។ មុន​ទទួលបាន​មេដាយ​សំរឹទ្ធ​នេះ កីឡាករ បួន ច័ន្ទ​ថា​រ៉ាត់ បានឈ្នះ​មេដាយប្រាក់​១​ផងដែរ លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូក្រាម​។ ប្រតិភូ​កីឡា​កម្ពុជា នឹង​នាំ​មេដាយ​ទាំងនេះ មកដល់​មាតុភូមិ​នៅ​ថ្ងៃទី​២៩ ខែសីហា ខាងមុខនេះ។​

សម្រាប់​ការប្រកួត​លើ​វិញ្ញាសា​សម្តែង​បច្ចេកទេស​ការពារ​ខ្លួន កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ ក្រុម​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុងចំណោម​១៣​ប្រទេស ដោយ​ពួកគេ​ចាញ់​ក្រុម​កីឡាករ​កូរ៉េខាងជើង និង​រុស្ស៊ី​។ តាមរយៈ​ចំណាត់ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​មេដាយ​សំរឹទ្ធ​១​បន្ថែម ពី​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​បេឡា​រុស បន្ទាប់ពី​កីឡាករ បួន ច័ន្ទ​ថា​រ៉ាត់ ដណ្តើមបាន​មេដាយប្រាក់​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូក្រាម​។​

Close